ករណីផលិតកម្មមហាហង្ស បង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង លក្ខណៈស្រៀបស្រាលលេចលើលេចក្រោម រដ្ឋបាលខេត្តស្ទឹងត្រែង សូមស្នើយ៉ាងទទួចដល់ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធានការ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតប ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលុបជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្ដៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីយ៍ល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្ត្រីខ្មែរយើង។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនធ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។ ដើម្បីស្ដារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវធ្វើការសុំទោស ជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់ ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration