វគ្គផ្តាច់ព្រ័ត្រយប់នេះហើយ! តើនរណានឹងក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី 4 នេះ
- BY
- Liny Chan
- August 28, 2022
នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជនរាប់លានអ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ ។ ទស្សនិកជននឹងរំភើបជាមួយនឹងការស្វាគមន៍ម្ចាស់ពានរង្វាន់រដូវកាលថ្មី ដែលនឹងរីកដុះឡើង ដោយការផ្ញើសារច្រើនជាងគេពីមហាជនទូទាំងប្រទេស ។

បេក្ខជន Top 4 ដែលត្រូវឡើងលើឆាកចុងក្រោយគេរួមមាន បេក្ខជន លីម តិចម៉េង បេក្ខជន នាង ដាវីន បេក្ខជន ថុល សុភិទិ និងបេក្ខជន ស៊ឹម ចាន់ពន្លឺ នឹងត្រូវប្រកួតយ៉ាង ស្វិតស្វាញ ប្រមូលអស់ពីសមត្ថភាពដែលលាក់ទុកក្នុងខ្លួនទាំងប៉ុន្មានបញ្ចេញអោយអស់ ដើម្បីអោយទស្សនិកជនបានឃើញ និងសម្រេចចិត្តកាន់តែច្បាស់ ព្រមទាំងជឿជាក់លើសមត្ថភាពពួកគេអោយប្រាកដ ថាតើម្នាក់ណាសាកសមជា ម្ចាស់ជ័យលាភីពិតប្រាកដ ។ កុំភ្លេចតាមដានទាំងអស់គ្នា ផ្ញើសារទាំងអស់គ្នា ដើម្បីអោយ ការស្រលាញ់របស់លោកអ្នកអាចបានទៅដល់អាយដលរបស់ខ្លួន។ ភាពល្បីល្បាញនៃកម្មវិធីរដូវកាលនេះ ជាមោទកភាពមួយសម្រាប់បេក្ខជន គណៈកម្មការ ក៏ដូចជាក្រុមការងារអ្នករៀបចំកម្មវិធីទាំងមូល ដែលទទួលបានភាពជោគជ័យខ្លាំង សម្រាប់រដូវកាលនេះ ។
ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងលើផេកហ្វេសប៊ុកផ្លូវការ Cambodian Idol៕




- Share This Post:






