សូមចូលរួមរំលែកទុក្ខ! អ្នកស្រី ត្រឹង ងា (ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាស្ថាបនិកសៀវភៅ «អរិយធម៌ខ្មែរ» បានទទួលអនិច្ចកម្មហើយកាលពីព្រឹកមិញនេះ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ Tara Om នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នេះបានឲ្យដឹងថា តាមប្រភពផេកមួយមានឈ្មោះថា #ឥសី បានឳ្យដឹងថា អ្នកស្រី ត្រឹង ងា (ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ បានទទួលអនិច្ចកម្មហើយនៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែសីហា ឆ្នាំ២០២២ នេះ។

អ្នកស្រីជាស្ថាបនិក សៀវភៅអរិយធម៌ខ្មែរ ដែលត្រូវបានក្រសួងអប់រំសម័យសាធារណរដ្ឋខ្មែរដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ តាមរយៈស្នាដៃស្រាវជ្រាវនេះហើយដែលបន្សល់ទុកឳ្យកូនខ្មែរជាច្រើនបានស្គាល់ប្រវត្តិសាស្រ្តខ្មែរក្នុងសម័យអាណាចក្រអង្គរ។
ក្នុងនាមពលរដ្ឋខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ និងធនធានដ៏កម្ររបស់ជនជាតិខ្មែរយើង។ សូមវិញ្ញាណក្ខន្ធអ្នកស្រីបានទៅកាន់សុគតិភព។
បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផេក Amazing Cambodia បានឲ្យដឹងផងដែរថា ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ដល់ ២៩ ខែសីហា ឆ្នាំ២០២២ នៅផ្ទះលេខ១៦ ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅវត្តគល់ទទឹង នាថ្ងៃទី ៣០ សីហា ២០២២ ។ ដំណឹងនេះទុកជាការអញ្ជើញដល់ញាតិមិត្តទាំងឡាយដែលមានបំណងមកចូលរួមបុណ្យសព៕

រូបភាព៖ TaraOm, Amazing Cambodia, Sokmean Alexandra