រដ្ឋបាលខេត្តសៀមរាប ចេញលិខិតឱ្យក្រុមលោក ខឹម វាសនា បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ខែសីហា ជាកំហិត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន ស្ដីពីការធ្វើសកម្មភាពប្រមូលផ្ដុំមនុស្សរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្ដារាជធានី-ខេត្ត និងក្រៅប្រទេស មកធ្វើការជួបជុំ និងប្រមូលផ្ដុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីចូលរួមស្ដាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានបានធ្វើវិបស្សនាមើលឃើញ និងបំភ្លឺសារជាថ្មី នូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណឹងនៃធម្មជាតិ (ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។
ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សូមឲ្យលោកប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្ដុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕





ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration