មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមអនុវត្តន៍ដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅក្នុងដំណាក់កាលសាកល្បង
- BY
- srey nuch
- September 1, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលសាកល្បង។
លោក អនុសេនីយ៍ឯក សេង សុផាត បានអោយដឹងថា បើតាមការសង្កេតរបស់លោក គោលដៅស្តុបបេកាសេ (ស្តុបអគារកាណាឌីយ៉ា) អ្នកបើកបរមួយចំនួន ល្មើសទៅនឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានមន្រ្តីនគរបាលដកចំនួន ៣ពិន្ទុ ក្នុងបណ្ណបើកបរ ខណៈដែលបណ្ណបើកបរមានពិន្ទុពេញសរុបចំនួន១២ពិន្ទុ បែបនេះ ធ្វើអោយគាត់នៅសល់តែ៩ពិន្ទុ។ ទៅថ្ងៃមុខ បើសិនជាអ្នកបើកបរបន្តល្មើសច្បាប់ចរាចរណ៍មិនរាងចាលនោះ មន្រ្តីនគរបាលនឹងដកពិន្ទុជាបន្តបន្ទាប់រហូតដល់អស់ ដែលបណ្ណបើកបរនោះទុកជាមោឃៈ។
លោក បានបន្ថែមថា ក្នុងការអនុវត្តសាកល្បងនេះ គឺជាការដកពិន្ទុពិតប្រាកដ ដែលជាការចាប់ផ្តើមពង្រឹងការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ បន្ថែមទៅនឹងការពិន័យអន្តរការណ៍។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ការអនុវត្តនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ គឺធ្វើឡើងព្រមៗគ្នា នៅ២១គោលដៅ។ ចំណែក បទល្មើសនៃការដកពិន្ទុ គឺមានដកចាប់ពី១-៦ពិន្ទុ អាស្រ័យទៅតាមប្រភេទបទល្មើស ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
- Share This Post: