សហជីពរក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារ អាម៉េរិកលើការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សហជីព រក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារ អាម៉េរិកលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមហេង សួរ រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពី ចំនួន ២១៥ដុល្លារអាម៉េរិក មកតួលេខ ២១៣ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចា។
ក្រោយការប្រជុំផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងតួលេខពីចំនួន ១៩៤ដុល្លារអាម៉េរិក ទៅតួលេខ ១៩៦ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចាដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ គឺរាជរដ្ឋាភិបាលក៏បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកផងដែរ។
តាមលក្ខណៈបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ គឺ ១៩៧,៨៦ដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕ ប្រភព៖ ក្រសួងព័ត៌មាន



