ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៥ឆ្នាំ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកា តែមិនបញ្ជូនសំណុំរឿងទៅតុលាការនោះទេ

    BY Khmernote Media September 1, 2022
    រយៈពេល៥ឆ្នាំ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកា តែមិនបញ្ជូនសំណុំរឿងទៅតុលាការនោះទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតមានចំនួនជាង ៤ ០០០ មាតិកា ប៉ុន្តែមិនបានបញ្ជូនសំណុំរឿងទាំងនេះទៅកាន់តុលាការនោះទេ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា រយៈពេល៥ឆ្នាំ កន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកាដែលជាប្រភេទព័ត៌មានប្រឌិតមានន័យថារឿងដែលកើតឡើងហ្នឹងគ្មាននោះទេ ប៉ុន្តែបង្កើតឡើងធ្វើឱ្យមានជាព័ត៌មាន ដែលជាប្រភេទជេរប្រមាថដូចជាការជេរប្រមាថព្រះមហាក្សត្រជាដើម។ ឯកឧត្តមបានថ្លែងថា នៅពេលពិនិត្យរួចហើយ ក្រសួងព័ត៌មានមិនបានលើកយកសំណុំរឿងទាំងនោះបញ្ជូនទៅតុលាការទេ តែដោយសារមានកិច្ចសហប្រតិបត្តិការ និងសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។

    ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា ក្នុងករណីការផ្សព្វផ្សាយមិនពិតមានករណីធ្ងន់ធ្ងរក្រសួងបានបញ្ជូនសំណុំរឿង ទៅក្រសួងពាក់ព័ន្ធចាត់វិធានការបន្តចំនួន១៧០មាតិកា។ ឯកឧត្តមបន្ដថា ចំពោះព័ត៌មានក្លែងក្លាយ ក្រសួងបានអនុវត្តន៍តាមអនុក្រឹត្យមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២០មក ហើយការរកព័ត៌មានក្លែងក្លាយនេះមានការសហការគ្នាជាមួយក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍។ ឯកឧត្តមក៏បានអះអាងដែរថា ក្រសួងទាំងបីនេះនឹងធ្វើការទប់ស្កាត់ចំពោះព័ត៌មានក្លែងក្លាយដើម្បីកុំឱ្យមានការជះឥទ្ធិពលដល់ប្រជាពលរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងមូលផងដែរ។ «ព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលខ្លាំងណាស់ដល់ប្រទេសជាតិ ជាក់ស្តែងការឃោសនាពីគ្រោះធម្មជាតិជាដើម។ ការផ្សាយព័ត៌មានក្លែងក្លាយនេះ មិនមែនមានតែពេលបច្ចុប្បន្ននេះទេ គឺមានយូរហើយ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺមានការ ផ្សព្វផ្សាយលឿនដែលយើងពិបាកគ្រប់គ្រង»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម មាស សុភ័ណ្ឌ។

    ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានចុះបញ្ជីអង្គភាព ស្ថាប័នសារព័ត៌មាន បានចំនួន២១៥៤ អង្គភាព/ស្ថាប័ន ក្នុងនោះសារព័ត៌មានអនឡាញមានការកើនឡើងច្រើន។ ទន្ទឹមនេះ ការចុះបញ្ជីនេះទៀតសោត បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺកើន៥៨៨អង្គភាព។

    បើតាមឯកឧត្តម មាស សុភ័ណ្ឌ សម្រាប់ការចុះបញ្ជីនេះស្ថាប័នសារព័ត៌មាននេះធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការចុះនេះ គឺមានទទួលស្គាល់ និងបង្ហាញឱ្យឃើញថាលំហព័ត៌មាននៅកម្ពុជាមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: