រដ្ឋមន្រ្ដីក្រសួងវប្បធម៌៖ ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវប្បធម៌ជាតិ គប្បីត្រូវសិក្សាឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ
រាជធានីភ្នំពេញ៖យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នករៀបចំកម្មវិធីគឺរាល់ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវប្បធម៌ជាតិ គប្បីត្រូវសិក្សាឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្រ្តីខ្មែរ។

ការណែនាំរបស់លោកជំទាវរដ្ឋមន្រ្ដីនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងទាក់ទងនឹងការរៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ( Miss Grand Cambodia 2022) នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ស្នើឱ្យអ្នករៀបចំកម្មវិធី ត្រូវបង្កើនកិច្ចសហការអោយបានជិតស្និទ្ធជាមួយមន្រ្តីក្រសួង ដើម្បីចៀសវាងបាននូវកំហុសដែលកើតឡើងនានា។
នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គនាយកផលិតកម្ម មហាហង្ស ក៏បានសម្តែងនូវការសោកស្តាយចំពោះកំហុសដែលបានកើតឡើង និងបានសុំអភ័យទោសជាសាធារណៈចំពោះកំហុសឆ្គងខាងលើ ព្រមទាំងបានសន្យាថា នឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះនាពេលអនាគត ដើម្បីចៀសវាងកំហុសដូចពេលនេះទៀត។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលពីមន្រ្តីតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយពិនិត្យពិភាក្សា និងស្តាប់របាយការណ៍នានាទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន នៅក្នុងដំណើរការនៃការរៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia)៕



ប្រភព៖ ក្រសួងព័ត៌មាន