ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរម្លឹកមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលា ចំពោះស្ថានភាពទឹកនារដូវវស្សានេះ

    BY Khmernote Media September 2, 2022
    អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរម្លឹកមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលា ចំពោះស្ថានភាពទឹកនារដូវវស្សានេះ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យថា អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត សហការ គ្នាចុះពិនិត្យតាមដានក្តាប់ព័ត៌មាន និងរាយការណ៍ចំពោះស្ថានភាពទឹកនារដូវវស្សានេះ ដើម្បីត្រៀមបង្ការជួយដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

    ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងមង្គលបូរី នៅភូមិសាស្ត្រឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ។

    ក្នុងឱកាសចុះពិនិត្យមើលនោះ ដោយពិនិត្យឃើញស្ថានភាពទឹកមានការស្ទះមុខ ប្រឡាយផ្លូវទឹកធ្វើឱ្យល្បឿនទឹកហូរចុះយឺតបង្កឱ្យទឹកឡើងលិចតំបន់ខ្លះ នោះឯកឧត្តម អភិបាលខេត្តបានបញ្ជាឱ្យមន្ត្រីជំនាញធនធានទឹកខេត្តនាំយកគ្រឿងចក្រភ្លាមៗ ដើម្បី កាយផ្តាច់ បើកមុខទឹកបង្ហូរទៅក្រោមតាមប្រឡាយមេ ដែលបានស្តារដើម្បីពន្លឿន ការរំដោះទឹក ចៀសវាងការជន់លិចថែមទៀតផ្លូវស្រែ និងភូមិឋានបងប្អូនប្រជាពលរដ្ឋរស់ នៅក្បែរដងស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រឃុំចំណោម ឃុំរហាត់ទឹក និងឃុំសឿ នៃស្រុកមង្គលបូរីនេះ។

    ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ស្ថានភាពទឹកជាក់ស្តែង គិតត្រឹម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះ ទឹកជំនន់លិចលង់ខ្លាំងកើតមានឡើងនៅក្នុងតំបន់ណាមួយនោះទេ ប៉ុន្តែមានតែស្ថានភាព ទឹកហូរស្រុងដែលហូរធ្លាក់ពីទីខ្ពស់មកកាន់តំបន់ទំនាប បឹង និងស្ទឹង មានការស្ទះនៅតំបន់ មួយចំនួនដែលបានធ្វើឱ្យស្ថានភាពទឹកមានការកើនឡើង តែអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បាន និងកំពុងចុះធ្វើសកម្មភាពកាយបើកផ្លូវដើម្បីរំដោះទឹកឱ្យបានហូរចុះទៅលឿននោះ។

    ទន្ទឹមនោះដែរ អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងផ្តល់ព័ត៌មានភ្លាមៗក្នុងករណីមានជំនន់ទឹក ភ្លៀងកើតឡើង ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីជួយបងប្អូនបានទាន់ពេលវេលា មុនមានកម្លាំងអន្តរាគមន៍ទៅដល់នោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: