ក្រសួងវប្បធម៌សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌ចាប់ពីថ្ងៃទី៥ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងវប្បធម៌ សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌ “ការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុស ច្បាប់ទស្សនៈវិស័យអាស៊ាន” ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបដើម្បីផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ីអឺរ៉ុប និងសហរដ្ឋ អាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលវិទ្យុជាតិកម្ពុជាទទួលបាននៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា សន្និសីទនេះផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុស ច្បាប់ ដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោ បាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៊ីវិល។ ក្រុមអ្នក ជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់ លាក់មួយ ដើម្បីការពារកេរមរតកក្នុងតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២២ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើជាប្រធាននៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វេទិកាជាប្រវត្តិសាស្ត្រនេះ ក៏នឹងពិនិត្យពិភាក្សាលើមធ្យោបាយនានាក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ។
ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជាច្រើនត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុងទីផ្សារសិល្បៈអន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងនយោ បាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយអំពើចោរកម្មគួរឱ្យកត់សម្គាល់។ ការប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌របស់កម្ពុជា បានដើរតួនាទីជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធ នាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។ នាពេលថ្មីៗនេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានមកវិញនូវស្នាដៃ ឯកចំនួន ៣០រូប ក្នុងនោះមានរូបចម្លាក់ “ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក” តាមរយៈកិច្ចសហប្រតិ បត្តិការទ្វេភាគីជាមួយសហរដ្ឋ អាមេរិក គឺជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមកពីតំបន់ប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណក្នុងសតវត្សរ៍ទី១០នៃ គ.ស។
អ្នកចូលរួមទាំងអស់នឹងបានទៅទស្សនាប្រាសាទកោះកេរ នៅក្នុងដំណើរទស្សនកិច្ចនៃកម្មវិធីសន្និសីទនេះ ហើយនឹងឃើញដោយផ្ទាល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនៃការធ្វើពាណិជ្ជកម្មខុសច្បាប់ចំពោះតំបន់បេតិកភណ្ឌវប្បធម៌។ បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាម ទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ បានបង្ហាញឱ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។
សង្ឃឹមថា កម្ពុជានឹងអាចចែករំលែកនូវបទ ពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជនទុច្ចរិតលួចប្លន់ និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់ជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕








ប្រភព៖ ក្រសួងព័ត៌មាន