អ្នកមីងម្នាក់ធ្វើដំណើរមកចម្ការរបស់លោក ខឹម វាសនា ដើម្បីតាមរកកូនកំពុងរៀនថ្នាក់ទី១២ អោយត្រលប់ទៅផ្ទះវិញ ព្រោះជិតដល់ថ្ងៃប្រលង (មានវីដេអូ)
យុវជន យុវតី ក្មេងៗនិស្សិតជាច្រើន ដោយលង់ជឿតាមការសាបព្រោះរបស់លោក ខឹម វាសនា និងបក្ខពួក បានធ្វើឱ្យពួកគេសម្រេចបោះបង់ការសិក្សា បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះវីដេអូ ប្រមាណជាង ៥នាទី របស់អ្នកមីងម្នាក់មកពីខេត្តសៀមរាប តាមរកកូនអាយុ ២១ឆ្នាំ កំពុងរៀនថ្នាក់ទី១២ អោយត្រលប់ទៅផ្ទះ ព្រោះជិតដល់ថ្ងៃប្រលង។

នៅក្នុងវីដេអូនោះ អ្នកមីងបានរៀបរាប់ដោយទុក្ខក្រៀមក្រំ ដោយនិយាយរៀបរាប់ថា៖ កូនគាត់ម្នាក់បានមកចម្ការរបស់លោក ខឹម វាសនា ជួបផ្ទាល់ហើយ សុំឱ្យកូនទៅផ្ទះ ប៉ុន្តែកូនមិនត្រឡប់ទៅផ្ទះវិញនោះទេ ដោយមូលហេតុគាត់នៅស្ដាប់ធម៌ និងបានជឿងថា នឹងមានទឹកលេច បាក់ដី ដោយគាត់បានប្រាប់ម៉ែទៅវិញថា បន្តិចទៀតរូបគាត់ប្រាកដជាដឹងហើយ។ អ្នកមីងបានបន្តទៀតថា៖ ខ្ញុំពិតជាមានអារម្មណ៍ថា មកដល់ក្ដៅចិត្ត និយាយជាមួយកូនមិនស្ដាប់សោះ ប្រឹងនិយាយហើយតែនូវមិនស្ដាប់ អស់ជម្រើសមានតែត្រឡប់ទៅផ្ទះវិញ ហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចកូនមិនទៅផ្ទះវិញទេ។
កូនរបស់អ្នកមីង មកដល់ចម្ការរបស់លោក ខឹម វាសនា តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដំបូងបានប្រាប់ម៉ែថា មកលេងភ្នំគូលែន តែក៏ស្រាប់ចាកចេញពីផ្ទះបាត់មិនឱ្យឪពុកម្ដាយដឹង រហូតដល់ម៉ែតេទូរស័ព្ទរក ខ្លួនបានទៅដល់ចម្ការម្រេចហើយ ដោយបានប្រាប់ម្ដាយថា ឱ្យបម្រុងទាន ប្រេងទុកតិចទៀតគេផ្ដាច់អគ្គិសនីហើយ និងបម្រុងអង្គ ឈើព្រៃទុកថែមទៀត៕ ខាងក្រោមជាវិដេអូ លម្អិត៖