ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៣ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ជាពិសេសនៅតាមបណ្តាខេត្តជាប់ផ្លូវទឹក និងតំបន់ទំនាប សូមបង្កើនការប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្ត នៅក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology