ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិស័យឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួនជាង ៣០ម៉ឺននាក់

    BY Khmernote Media September 6, 2022
    វិស័យឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួនជាង ៣០ម៉ឺននាក់

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ាបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាងលើវិស័យ រោងចក្រសហគ្រាសផ្នែកឧស្សាហកម្ម ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួនជាង៣០ម៉ឺននាក់ ដែលនេះបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តមានជីវភាពល្អប្រសើរមួយកម្រិត។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងទៀតថា សព្វថ្ងៃនេះខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ដោយមានរោងចក្រចំនួនជាង ៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ។

    « ជាឧទាហរណ៍ពីមុនស្រូវមួយតោនលក់បាន ៣២០ដុល្លារក្នុងមួយតោនផងអ៊ីចឹងខុសត្រូវគ្នាតិចតួច អីឡូវនេះមួយហិកតាក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋានភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះជាការរីកចម្រើនដែលយើងបានតាមរយៈគោលនយោបាយសេដ្ឋកិច្ចមិនមែនថាយើងគិតតាំងពីកីឡាទេបានកីឡាហើយថែមរឿងនេះផង»។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀត ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាលខេត្តដ៏ទៃទៀតនិងរាជធានីដោយបានបើកចំហឱ្យមានការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យរោងចក្រនិងកសិកម្ម។

    សូមជម្រាបថា កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារមួយ ហើយមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាងសង់ឡើង លើផ្ទៃដីជាង ៤ហិកតាដោយចំណាយថវិកាជាង ៣លានដុល្លារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: