ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលាខាងមុខ

    BY Khmernote Media September 9, 2022
    រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលាខាងមុខ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលាខាងមុខ។

    រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឈានចូលមកដល់នាពេលដ៏ខ្លីខាងមុននេះ រដ្ឋបាលពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តពោធិ៍សាត់។

    ព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងរៀបចំនេះ មានកម្មវិធីជាអាទិ៍ ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រីសម័យ និងការដុតកាំជ្រួចនាពេលរាត្រី រយៈពេល៣ថ្ងៃពេញ។

    សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកំសាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក កិត្យានុភាពជាតិ និងសក្តានុពលនៃខេត្តពោធិ៍សាត់៕

    ប្រភព៖ Pursat Provincial Hall

    Share This Post: