រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី២២ ដល់ថ្ងៃ២៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្ដាល នោថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

រដ្ឋបាលខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនថា ឆ្នាំនេះ ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចរៀបចំ ពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល ០២ថ្ងៃ គឺ នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ក្នុងរយៈពេលនៃកម្មវិធីនេះ ក៏មានការប្រគុំតន្ត្រី របស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមសប្បាយរីករាយអបអរសាទរឱ្យបានច្រើនកុះករ តាមការបរិច្ឆេទខាងលើ ដើម្បីញ៉ាំងឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅជោគជ័យ ៕



ប្រភព៖ រដ្ឋបាលខេត្តកណ្តាល