រដ្ឋបាលរាជធានីភ្នំពេញ សិក្សាទៅលើទីតាំងចំនួន៤សំខាន់ៗ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ យោងតាមការរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសិក្សាទៅលើទីតាំងចំនួន ៤សំខាន់ៗរួមមាន៖ ទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅនិងមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅឱ្យបានម៉ត់ចត់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសិក្សា ក្រុមការងារនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អង្គការចៃកា បានធ្វើការសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥ ។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការ ត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះ ជាគោល។
ទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះគឺត្រូវតែធ្វើ ដោយឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឱ្យដឹងពីទំហំនៃការលិចលង់ និងរួមគ្នាដោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋតែម្តង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង ផងដែរថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិច ទឹកភ្លៀងនៅរដូវវស្សានេះ ត្រូវអនុវត្តវិធានដូចជា៖ វិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុលបន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១៧២៦ម៉ែត្រ។ ជីកស្តារប្រឡាយព្រែកប្រា ឱ្យបានទទឹង២០ម៉ែត្រ ប្រវែង៩៦៥ ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួន នៅលើព្រែកប្រាផងដែរ។
តែទោះបីជាយ៉ាងនេះក្តី ក៏គណៈកម្មការត្រូវសិក្សាឱ្យបានម៉ត់ចត់និងគ្រប់ជ្រុងជ្រោយ ទៅលើគម្រោងទាំងនេះ ដើម្បីធានាបានការដោះស្រាយការលិចលង់ប្រកបដោយប្រសិទ្ធភាព ៕




ប្រភព៖ ក្រសួងព័ត៌មាន