ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវប្ដូរទៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២វិញ

    BY Khmernote Media September 13, 2022
    ក្រសួងអប់រំ ប្រកាសពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវប្ដូរទៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២វិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។

    ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។

    ដើម្បីបញ្ចៀសការរំខាននានា និងព្រឹត្តិការណ៍ជាតិខាងលើ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។

    ជាមួយគ្នានេះ ក្រសួងបានកំណត់វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចខាងក្រោម៖

    ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា
    ២៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

    ប្រភព៖ MoEYS Cambodia

    Share This Post: