ព័ត៌មានជាតិ
រថយន្តធុនធ្ងន់ចំនួន ៣៣គ្រឿង ត្រូវបានត្រួតពិនិត្យរកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃអង្គារ-ពុធ ៣-៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

ប្រតិបត្តិការនេះ បានត្រួតពិនិត្យរកឃើញរថយន្តធ្ងន់ធ្ងន់ចំនួន៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ តាមរយៈការដាក់ជញ្ជីងថ្លឹងនៅចំណុចគល់ស្ពានព្រែកសំរោង ផ្លូវលេខ២១បេ ភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីថ្ងៃរសៀលរហូតដល់ពាក់កណ្ដាលយប់អាធ្រាត្រ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលឹកពីការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែលើកឡើងថា «សូមអ្នកបើកបរដឹកជញ្ជូនទាំងអស់ កុំខ្លាចមន្ត្រីសមត្ថកិច្ច តែត្រូវខ្លាចច្បាប់»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៦៣គ្រឿង៕














ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ នឹងមានកម្មវិធីពិសេសជាងបណ្តាឆ្នាំមុនៗ ក្នុងនោះគ្រោងរៀបចំកម្មវិធីប្រមាណជាពីរសម្រាប់បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកផងដែរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ក្រោមវត្តមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។
ឯកឧត្ដមបន្ដថា មានកម្មវិធីចំនួនពីរ គ្រោងរៀបចំធ្វើដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ប៉ុន្តែឯកឧត្តមមិនទាន់បញ្ជាក់ថា ជាកម្មវិធីអ្វីនៅឡើយទេ ដោយទុកឱ្យកម្មការងាររៀបចំសិន។ ឯកឧត្ដមបន្ដទៀតថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។
ទន្ទឹមនេះ គឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឱ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី៕





ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ប្រកាសដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រ “ថ្កោលទោស” អាចស្នើសុំតាមរយៈអនឡាញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល។

ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ។
ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្ដល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញ ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោល ទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាម ការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញ បែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕

ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice