ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយលក់ឱសថចំនួន ៨មុខនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ និងលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានឈ្មោះ ១.COVERSYL *PLUS 5mg/1.25mg, ២.COVERSYL * 10mg, ៣.COVERSYL *5mg, ៤.COVERAM *5mg/5mg ៥.COVERAM *5mg,10mg ៦.COVERAM *10mg/10mg ៧.DIAMICRON *MR 30mg, ៨.DIAMICRON *MR 60mg ស្រដៀង នឹងឱសថពិត ដែលចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd.។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្ដាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលិកដែលចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕








