សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប ១២រូប ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។

ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសង ពិសេសខុសច្បាប់គ្រប់ប្រភេទ មានតួនាទីដូចតទៅ៖
– រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ
– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាប នូវទីតាំងល្បែងស៊ីសងខុសច្បាប់
– ចាត់វិធានការឱ្យស៊ើបអង្កេត និងស្រាវជ្រាវរកនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្ត នៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះ តាមច្បាប់ជាធរមាន ៕


