ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច បង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យទាន់ពេលវេលា និងព្រមានដកមន្ត្រីដែលមិនបង្ក្រាបល្បែង

    BY Khmernote Media September 17, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច បង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យទាន់ពេលវេលា និងព្រមានដកមន្ត្រីដែលមិនបង្ក្រាបល្បែង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ យោងតាមសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។

    នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” កាលពីសប្ដាហ៍កន្លងទៅនេះ នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំព្រះករុណា បានចង្អុលបង្ហាញទៅឱ្យអភិបាលខេត្ត-រាជធានី បើកការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងខុសច្បាប់ ដោយពីម្សិលមិញនេះសម្តេចក្រឡាហោម ស ខេង បានធ្វើសំណើមួយ ដើម្បីឱ្យខ្ញុំចុះហត្ថលេខា លើសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយមាន ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ ”

    សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ “ជាមួយរឿងដ៏គួរឱ្យសោកស្ដាយ ដែលយើងមានការងារជាច្រើនត្រូវធ្វើទាក់ទងជាមួយការទប់ស្កាត់កូវីដ-១៩ ក៏ដូចជាការប្រឹងប្រែងទប់ស្កាត់នូវបញ្ហាដែលទាក់ទងនឹងសេដ្ឋកិច្ច បង្កឡើងដោយផលវិបាកពីខាងក្រៅ តែបែរជាយើងមករំខានទៅនឹងការលេងល្បែងស៊ីសងទៅវិញ។ ល្បែងស៊ីសងនេះ វាមិនបានដាក់តាំងទីកន្លែងណាឆ្ងាយនោះទេ ប្រសិនបើឯកឧត្តម លោកជំទាវ ជាអភិបាលខេត្ត-រាជធានី យកការទទួលខុសត្រូវ ដើម្បីបញ្ចេញកម្លាំងបង្ក្រាបទៅលើមណ្ឌលដែលត្រូវលេងល្បែងទាំងនោះ។ ការងារទាំងនេះ ធ្វើបាន ឬមិនបានគឺអាស្រ័យ លើមន្ត្រីចំណុះមូលដ្ឋាន ប៉ុស្ដិ៍នគរបាល នៅតាមភូមិនានា ក៏ដូចជានគរបាលនៅតាមស្រុក។ ”

    សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ “ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។ យើងមិនអាចបង្កឱ្យមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនេះតទៅទៀតទេ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ដោយមនុស្សច្រើនលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែងដូចជាការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាម Online (អនឡាញ) នៅតាមតុកាហ្វេ តាមទីកន្លែងនានា។ សារព័ត៌មាន បានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ​ ជាពិសេសបណ្ដាអធិការស្រុក ភូមិ មិនព្រមអើពើ មិនព្រមបង្ក្រាប។ ក្នុងឱកាសនេះ ក៏សូមបញ្ជាក់ទៅអស់លោក ទីតាំងបនល្បែងស៊ីសងទាំងឡាយ ដែលធ្វើអាជីវកម្ម ដូចជា ហាងលក់គុយទាវ ហាងកាហ្វេ ប៉ុន្តែបង្កប់ដោយល្បែង ត្រូវតែបិទចោល ដោយមិនឱ្យប្រកបរបប​រកស៊ីតទៀតនោះទេ គឺបិទមិនឱ្យធ្វើអាជីវកម្មតទៅទៀត” ៕

    Share This Post: