រយៈពេល៣ថ្ងៃ សមត្ថកិច្ចខេត្តតាកែវ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់៨៦៩ទីតាំង
ខេត្តតាកែវ៖ យោងតាមរយៈកិច្ចសំភាសន៍រវាងសារព័ត៌មាន Freshnews ជាមួយនឹងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេលថ្ងៃ៣ កម្លាំងសមត្ថកិច្ចនៅក្នុងខេត្តតាកែវ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់នៅក្នុងខេត្តតាកែវ មានចំនួនរហូតដល់ ៨៦៩ទីតាំង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានផ្ញើសារសំលេងពិសេសអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា ហើយប្រសិនបើអភិបាលខេត្ត-រាជជធានី ឬមន្ត្រីនគរបាលណា ដែលមិនបង្ក្រាប និងត្រូវដកចេញពីតំណែង។ សម្តេចតេជោ បានមានប្រសាសន៍ថា៖
“ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។ យើងមិនអាចបង្កឱ្យមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនេះតទៅទៀតទេ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ដោយមនុស្សច្រើនលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែងដូចជាការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាម Online (អនឡាញ) នៅតាមតុកាហ្វេ តាមទីកន្លែងនានា។ សារព័ត៌មាន បានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្ដាអធិការស្រុក ភូមិ មិនព្រមអើពើ មិនព្រមបង្ក្រាប។ ក្នុងឱកាសនេះ ក៏សូមបញ្ជាក់ទៅអស់លោក ទីតាំងបនល្បែងស៊ីសងទាំងឡាយ ដែលធ្វើអាជីវកម្ម ដូចជា ហាងលក់គុយទាវ ហាងកាហ្វេ ប៉ុន្តែបង្កប់ដោយល្បែង ត្រូវតែបិទចោល ដោយមិនឱ្យប្រកបរបបរកស៊ីតទៀតនោះទេ គឺបិទមិនឱ្យធ្វើអាជីវកម្មតទៅទៀត” ៕
