ព័ត៌មានជាតិ

ករណីប៉ូលីសចរាចរណ៍ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យ ពេលនេះស្នងការរាជធានី ធ្វើការស្រាវជ្រាវ និងស្នើសុំសហការពីពលរដ្ឋ ដើម្បីចង្អុលបង្ហាញគោលដៅ ជាពិសេសប៉ូលីសដែលដឹកទៅបញ្ចាំ

BY
Khmernote Media
September 20, 2022

យោងតាមការចុះផ្សាយរបស់លោក ស៊ន សុភ័ក្រ្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។

ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។

ករណីខាងលើនេះ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាង ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង៕

 

 

Share This Post: