កម្លាំងសមត្ថកិច្ចក្រុងសំរោង ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ៤នាក់ ករណីផ្លោះចូលក្នុងផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ក្រុងសំរោង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃចន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩៖៤០នាទី លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោងបានទទួលព័ត៌មាន និងបណ្តឹងពីឈ្មោះ ង៉ែត គន្ធា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថា៖ មានកើតករណី ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ រួមមាន៖

១- ទូរទស្សន៍ ម៉ាក LG Nano ពណ៌ខ្មៅ ចំនួន ០១គ្រឿង,
២- កុំព្យូទ័រយួរដៃ ម៉ាកអេស៊ូស ពណ៌សំបកឪឡឹក ចំនួន ០១គ្រឿង និងម៉ាកដេល ចំនួន ០១គ្រឿង, ៣- ម៉ាស៊ីនផ្លុំធូលី ធុនតូច ពណ៌បៃតង ចំនួន ០១គ្រឿង,
៤- ឈើធ្នុង ទំហំ៥ស.ម×៤០ស.ម×១៥០ស.ម ចំនួន ០២សន្លឹក,
៥- ឈើនាងនួន ទំហំ ៥ស.ម×២០ស.ម×១២០ស.ម ចំនួន ០២សន្លឹក,
៦- ឈើធ្នុងដុំ ទំហំ ១៤ស.ម×១៤ស.ម×១០០ស.ម ចំនួន ០២ដុំ,
៧- ឬសឈើក្រញូងរាងមូល ទំហំ ៨ស.ម×៨ស.ម×១០០ស.ម ចំនួន ០៤ដុំ,
៨- ថូឈើធ្នុង ចំនួន ០៣ថូ,
៩- ខោអាវ ០១ចំនួនតូច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
ក្រោយពេលទទួលព័ត៌មាន លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់លោក វរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង ចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ-ស្រាវជ្រាវ កំណត់បានមុខសញ្ញា និងតាមប្រមាញ់ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន ០៤នាក់ ព្រមទាំងរកឃើញសម្ភារវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសួរនាំតាមនិតិវិធី។
ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ឈៀង ចាន់ធា ហៅ ទើម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិសំរោង សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាជនដៃដល់)។
២- ឈ្មោះ ឈ្នៀង សុគា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគៀប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ (ជាជនដៃដល់)។
៣- ឈ្មោះ ចាត លីដេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (អ្នកសមគំនិត និងជាមុខសញ្ញាទើបចេញពីពន្ធនាគារ)។
៤-ឈ្មោះ ញៀន សុផល ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិប្តីរដ្ឋបាល សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (អ្នកទទួលផលចោរកម្ម)។
ឆ្លងតាមកំណត់ហេតុស្តាប់ចម្លើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩៖០០នាទី ឈ្មោះ ឈៀង ចាន់ធា និងឈ្មោះ ឈ្នៀង សុគា បាននាំគ្នាទៅគាស់ចម្រឹងឈើដុំផ្នែកខាងក្រោយផ្ទះរបស់ឈ្មោះ ង៉ែត គន្ធា ដោយចបជីក រួចផ្លោះចូលខាងក្នុងផ្ទះធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិដូចមានរៀបរាប់ខាងលើ។ ក្រោយពេលលួចបានឈ្មោះ ឈៀង ចាន់ធា និងឈ្មោះ ឈ្នៀង សុគា បានជញ្ជូនទ្រព្យសម្បត្តិទាំងនោះទៅលាក់ទុកក្រៅរបងផ្ទះ រួចនាំគ្នាដើរទៅសួនជួបជាមួយឈ្មោះ ចាត លីដេត និងបានឲ្យវាជូនទៅខ្ចីម៉ូតូរបស់ឈ្មោះ ធឿន រស់នៅភូមិសំរោង ក្រោយពេលខ្ចីម៉ូតូបានឈ្មោះ ឈៀង ចាន់ធា, ឈ្មោះ ឈ្នៀង សុគា និងឈ្មោះ ចាត លីដេត បាននាំគ្នាជិះម៉ូតូទៅលួចរទេះរបស់គេដែលទុកនៅមុខផ្ទះភូមិដូនកែនសែនជ័យ រួចយករទេះនោះទៅដឹកជញ្ជូនទ្រព្យសម្បត្តិដែលលួចពីផ្ទះរបស់ឈ្មោះ ង៉ែត គន្ធា ទៅទុកនៅផ្ទះទុកចោលរបស់ឈ្មោះ រ៉ាន់ ស្ថិតនៅភូមិពុរ ដោយឈ្មោះ រ៉ាន់ មិនដឹងទេ លុះភ្លឺឡើងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៨៖០០នាទី ឈ្មោះ ចាត លីដេត បានទូរសព្ទហៅឈ្មោះ ញៀន សុផល មកទិញឈើអស់ ក្នុងតម្លៃចំនួន ៤០ម៉ឺនរៀល ក្នុងពេលនោះឈ្មោះ ចាត លីដេត បានយកប្រាក់ពីខ្លួនចំនួន ១០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ពណ៌សំបកឪឡឹក ចំណែកប្រាក់ដែលនៅសល់ចំនួន ៣០ម៉ឺនរៀលទៀត ពួកខ្លួនបានយកទៅទិញអីហូប និងជួលផ្ទះសំណាក់ ឌី គឹមហេង។
បច្ចុប្បន្នសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕





ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសំរោង