លោកផែង វណ្ណៈ ប្រកាសជួយថវិកា 200$ ទៅបុរសដែលល្មើសច្បាប់ចរាចរណ៍ ត្រូវប៉ូលីសដឹកទៅបញ្ចាំទូរសព្ទយកលុយបង់ផាកពិន័យ
លោកផែង វណ្ណៈ បានប្រកាសជួយថវិកា ចំនួន ២០០$ ជូនបុរសម្នាក់ដែលកាលពីព្រឹកមិញនេះបានបើកកង់បីដឹកទំនិញ ដោយមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយសមត្ថកិច្ចតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល ដោយសារបុរសនោះមិនមានថវិកាទើបត្រូវសមត្ថកិច្ចដឹកជូនទៅបញ្ចាំទូរស័ព្ទ នេះបើតាមការអះអាងរបស់បុរសម្នាក់នោះ។ លោកផែងវណ្ណៈ បានបង្ហោះឲ្យដឹងថា៖

“ជូនដំណឹងដល់ ប្អូនប្រុស អ្នករត់ ម៉ូតូកង់បី ដែលបេីកបរខុសច្បាប់ចរាចរណ៍ ហើយត្រូវបានមន្ត្រីចរាចរណ៍នៅរង្វង់មូលគួចកាណុង នាំយកទៅបញ្ចាំទូរស័ព្ទយកលុយបង់ថ្លៃផាកពិន័យ សូមមេត្តាទាក់ទងមកលេខខ្ញុំ ០១២ ៩៣៣ ៨៨៣ ខ្ញុំសូមជូនថវិកាចំនួន ២០០ ដុល្លារ ។ ខ្ញុំសុំទោស ការឧបត្ថម្ភនេះ មិនមែនមានន័យថាខ្ញុំលេីកទឹកចិត្តអោយបងប្អូនបេីកបរល្មេីសច្បាប់ចរាចរណ៍ទេ តែដោយឃេីញប្អូនប្រុសមានជីវភាពខ្សត់ខ្សោយខ្លាំង ទេីបខ្ញុំផ្ដល់ការឧបត្ថម្ភជាលក្ខណៈមនុស្សធម៌” ។

គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។

ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។

ករណីខាងលើនេះ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាង ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង៕

