ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ជូនដំណឹងពីការផ្អាកចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ជាបណ្តោះអាសន្ន

BY
srey nuch
September 21, 2022

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឱ្យទឹកជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ – DPWT

Share This Post: