អន្តរជាតិ

ថៃចេញលិខិតបដិសេដមិនឲ្យបវរកញ្ញាមីយ៉ាន់ម៉ាម្នាក់ចូលក្នុងទឹកដីខ្លួន ក្រោយរូបនាងត្រូវស្ថិតក្រោមនិវេទន៍ក្រហមតាមចាប់ខ្លួនរបស់ប៉ូលិសអាំងទែរប៉ូល

BY
Pheakdey
September 23, 2022

ថៃ៖ អាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងស្តីពីការបដិសេដមិនឲ្យបវរកញ្ញាជនជាតិមីយ៉ាន់ម៉ាម្នាក់គឺអ្នកនាង Han Lay ចូលមកកាន់ប្រទេសខ្លួនទៀតនោះទេ ក្រោយរូបនាងត្រូវបានប៉ូលិសអាំងទែរប៉ូលចេញនិវេទន៍ក្រហមតាមចាប់ខ្លួនកាលកពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអ្នកនាង Han Lay អាយុ ២៣ឆ្នាំបានបង្កើតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ព្រោះតែរូបនាងហ៊ាននិយាយឲ្យពិភពលោកជួយប្រទេសមីយ៉ាន់ម៉ាឲ្យរួចផុតពីរបបដឹកនាំយោធា​​ក្នុងអំឡុងពេលដែលរូបត្រូវបង្ហាញខ្លួនក្នុងកម្មវិធីប្រលងបវរកញ្ញាកម្រិតអន្តរជាតិមួយនៅក្នុងប្រទេសថៃ។

ក្រោយពីបានថ្លែងរិះគន់ខ្លាំងៗចំពោះរបបដឹកនាំនៅក្នុងប្រទេសខ្លួនហើយ អ្នកនាង Han Lay មិនបានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេ ដ្បិតរូបនាងដឹងច្បាស់ថា បើត្រលប់ទៅកាន់ប្រទេសកំណើតវិញនឹងត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនជាមិនខាន ហើយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អ្នកនាង Han Lay បានស្នាក់នៅក្នុងប្រទេសថៃក្នុងនាមជាជនភ្លៀសខ្លួន។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះស្ថាប័នប៉ូលិសអន្តរជាតិនៃប្រទេសមីយ៉ាន់ម៉ាបានសម្រេចចេញនិវេទន៍ក្រហមតាមចាប់ខ្លួនអ្នកនាង Han Lay ហើយតាមរយៈការចេញនិវេទន៍ក្រហមនេះគឺមានន័យថា ប៉ូលិសអន្តរជាតិនៃប្រទេសដែលជាសមាជិកប៉ូលិសទាំងទែរប៉ូលទាំងត្រូវតែជួយសម្របសម្រួលនិងតាមចាប់ខ្លួនជនដែលស្ថិតនៅក្នុងនិវេទន៍ក្រហមនោះ។

បើទោះជាយ៉ាងនេះក្តី ប៉ូលិសអន្តរជាតិថៃមិនបានចាប់ខ្លួនឬឃុំឃាំងអ្នកនាង Han Lay នោះទេ ហើយជំនួញមកវិញអាជ្ញាធរថៃបានរៀបចំជើងហោះហើរឲ្យអ្នកនាង Han Lay ត្រូវធ្វើដំណើរចេញពីប្រទេសខ្លួនឲ្យបានឆាប់រហ័ស ហើយអាជ្ញាធរថៃក៏បានចេញលិខិតបដិសេដមិនឲ្យរូបនាងចូលមកកាន់ប្រទេសថៃទៀតដែរ ដ្បិតចាប់ពីពេលនេះទៅអ្នកនាង Han Lay ត្រូវបានចាត់ទុកថា ជាអ្នកទោសដែលប៉ូលិសមីយ៉ាន់ម៉ាកំពុងតាមចាប់ខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: