អារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមកម្មវិធីអវកាស ដែលនឹងរួមបញ្ចូលអវកាសយានិកស្រ្តីដំបូងបង្អស់របស់ខ្លួនទៅកាន់ទីអវកាស
អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកម្មវិធីអវកាសយានិកដំបូងរបស់ខ្លួន ដែលនឹងបញ្ជូនក្រុមការងារ រួមទាំងអវកាសយានិកជាស្ត្រីដំបូងបង្អស់របស់ខ្លួនទៅកាន់ទីអវកាស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

SPA បាននិយាយថា កម្មវិធីដែលបានកំណត់សម្រាប់ឆ្នាំ២០២៣ នឹងជួយឱ្យអវកាសយានិកអារ៉ាប៊ីសាអូឌីត ធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងស្រាវជ្រាវ សម្រាប់ភាពប្រសើរឡើងនៃមនុស្សជាតិនៅក្នុងវិស័យអាទិភាព ដូចជាសុខភាព និរន្តរភាព និងបច្ចេកវិទ្យាអវកាស ដោយបន្ថែមថា វាជាផ្នែកសំខាន់មួយនៃចក្ខុវិស័យឆ្នាំ២០៣០។ សារព័ត៌មាន SPA បានរាយការណ៍ថា នៅប៉ុន្មានខែខាងមុខនេះ អារ៉ាប៊ីសាអូឌីត គ្រោងនឹងចាប់ផ្តើមយុទ្ធសាស្ត្រអវកាសជាតិរបស់ខ្លួន ដោយគូសបញ្ជាក់អំពីកម្មវិធីអវកាស និងគំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងបម្រើមនុស្សជាតិពីលំហអាកាស៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN