ព័ត៌មានជាតិ

ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត គ្រោងនឹងបើកទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស ក្រោយកំពស់ទឹកកើនឡើងខ្ពស់

BY
srey nuch
September 28, 2022

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានជម្រាបជូនដំណឹងដល់សាធារណៈជនថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។

គណៈកម្មាធិការខាងលើ បានបន្តថា តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្ពស់ ១៤៨.៦៩ម៉ែត្រ។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានបញ្ជាក់ថា តាមការជូនដំណឹងពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស នៅវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពបែបនេះនឹងធ្វើឲ្យកំរឹតទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់លើសពីធម្មតា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: