ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹង សូមប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាព ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យដងស្ទឹងព្រែកត្នោតហក់ឡើងលឿន

BY
srey nuch
September 28, 2022

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺថា ៖

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលធ្វើឱ្យជំនន់ទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ ស្ថានភាពបែបនេះ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ បានទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នែកខាងក្រោម នៃទ្វារទឹករលាំងជ្រៃស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ដែលរងទទួលរងជំនន់ទឹកភ្លៀង សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

Share This Post: