ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព

BY
srey nuch
September 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និង ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុននោះ នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេស។

អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមាននៅក្នុងឱកាសនោះផងដែរ។

គួររម្លឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុនពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: