ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងរយៈពេល៣ ទៅ ៥ថ្ងៃខាងមុខ ទឹកទន្លេហក់ឡើងខ្លាំង អាចប្រឈមនឹងទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី១៦

BY
srey nuch
September 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។

យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

-ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ។

-ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។

-នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: