ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ជូនដំណឹងឲ្យភ្ញៀវទេសចរមានការប្រុងប្រយ័ត្ន ដោយសារមានភ្លៀងខ្យល់ខ្លាំង ធ្វើឲ្យដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់

BY
srey nuch
September 29, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។

ចំពោះរមណីយដ្ឋានអង្គរក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និង រងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។

ស្ថិតក្នុងស្ថានភាពប្រឈម អាជ្ញាធរជាតិអប្សរាសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: