ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោត មករស់នៅក្នុង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបាន ចាប់ឆ្នោតមករស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក