ព័ត៌មានជាតិ

សូមកុំបើកបរលើសល្បឿនកំណត់! នគរបាលចរាចរណ៍ ត្រៀមខ្លួនជាស្រេចតាមគោលដៅសំខាន់ៗ នៅលើផ្លូវល្បឿនលឿន

BY
srey nuch
October 1, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ក្រសួងសាធាណការ បានអំពាវនាវដល់អ្នកប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទាំងអស់ សូមកុំ បើកបរលើសល្បឿនកំណត់! ​នគរបាលចរាចរណ៍ បានត្រៀមខ្លួនជាស្រេច តាមគោលដៅសំខាន់ៗ លើផ្លូវល្បឿនលឿន សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយសុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ផងដែរថា កាល់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ក៏បានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

– រថយន្តគ្រួសារ/ធុនស្រាល អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 120km/h
– រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 100km/h
– រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 80km/h

ក្រសួងបានបន្ថែមថា ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។ ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: