ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដំណើរការនៅចុងឆ្នាំនេះ

BY
srey nuch
October 1, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ នេះ ដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តុប សុភ័ក បានមានប្រសាសន៍ថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិដ៏អាក្រក់នៃជំងឺកូវីត១៩នេះក្តី រាជរដ្ឋាភិបាលបានបន្តប្រែក្លាយវិបត្តិឱ្យទៅជាឱកាសក្នុងការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគំាទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ជាអាទិ៍ គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី និងកំពង់ផែទេសចរណ៍សមុទ្រខេត្តកំពត ជាដើម។

ឯកឧត្តម បានបន្តថា ជាក់ស្តែងគម្រោងកំពង់ផែខ្នាតអន្តរជាតិកំពតនេះ នឹងក្លាយទៅជាចរន្តស្រូបទាញកំណើនភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើនដល់ខេត្ត ក៏ដូចជាជុំវិញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ឯកឧត្តម បន្តទៀតថា នៅពេលដែលដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ ដែលភ្ជាប់ខេត្តកំពត ជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃ ដោយរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើនបន្ថែមទៀត ។ « នៅខេត្តកំពតក៏មានការកសាងនូវកំពង់ផែអន្តរជាតិដែលមកដល់ពេលនេះការកសាងកំពង់ផែអន្តរជាតិនេះក៏បានបញ្ចប់រួចហើយដែរ ហើយត្រៀមនឹងបើកសម្ពោធនៅក្នុងចុងឆ្នាំ២០២២នេះ»។

គួរជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ លើកដំបូងនៅក្នុងខេត្តកំពតនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីក្រុងកំពត នៅពេលដែលកំពង់ផែនេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វានឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំរុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកកាន់កម្ពុជា។

កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី៣០០-៤០០នាក់។ កំពង់ផែនេះក៏ផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: