កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ទៀត នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ
- October 1, 2022
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ កាលពីព្រឹកថ្ងៃសៅរ៍នេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ពីទីក្រុង Sunan ជិតរដ្ឋធានី Pyongyang ចន្លោះម៉ោង ៦:៤៥ និង ៧:០៣ ព្រឹក។ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគពីចម្ងាយធ្វើដំណើរ និងរយៈកម្ពស់របស់មីស៊ីល។
កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ចេញពី Sunan ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃពុធ ដែលនាំឱ្យវាក្លាយជាការបាញ់បង្ហោះលើកទី ២២ ក្នុងឆ្នាំនេះ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រហែល ៤ ឆ្នាំ។ ជាក់ស្ដែងសប្តាហ៍នេះ ពួកគេបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជប៉ុនរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃព្រហស្បតិ៍។ កាលពីថ្ងៃព្រហស្បតិ៍ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា ដែលបែងចែកកូរ៉េខាងជើង និងខាងត្បូងផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ US News
- Share This Post: