ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ថា ផ្លាកសញ្ញាពូថៅដៃ ដែលដាក់នៅផ្លូវល្បឿនលឿន គ្មានចែងក្នុងច្បាប់ចរាចរណ៍ទេ ក្រសួងបានណែនាំអោយក្រុមហ៊ុនដោះចេញវិញហេីយ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយមានប្រជាពលរដ្ឋមួយចំនួន មានការងឿងឆ្ងល់ ទៅនឹងស្លាកសញ្ញាពូថៅដៃ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុ ពេលនេះ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ បានបកស្រាយបញ្ជាក់យ៉ាងដូច្នេះថា៖

ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននិងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា «ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ»។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ។
សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យ ដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា ។ សូមអរគុណ ៕


ប្រភព៖ Kong Vimean