ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនជាដាច់ខាត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសូមធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖

គ្រប់ទោចក្រយានយន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ក្រសួងសាធារណការ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី ” មធ្យោបាយត្រូវបានហាមឃាត់ ” ដែលមិនអនុញ្ញាតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលដាក់ដំណើរការសាកល្បង ដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ២០២២ ខាងមុខ រួមមាន៖
– ថ្មើរជើង
– ទោចក្រយាន (កង់)
– ត្រីចក្រយាន (ស៊ីក្លូ)
– យានអូសដោយសត្វ (រទេះ)
– ទោចក្រយានយន្ត (ម៉ូតូ) ក្រោម 500cc ឬក្រោម 27kw
– ត្រីចក្រយានយន្ត
– ម៉ូតូកង់បួន
– យានយន្តដែលមានល្បឿនអតិបរមាមិនលើសពី 70km/h
– យានយន្តុប្បករណ៍ដែលមានល្បឿនអតិបរមាមិនលើសពី 40km/h
– យានយន្តសណ្តោងរ៉ឺម៉ក៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT