ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»
រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»ក្រោមមូលបទ«ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយ ចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺ ជាវេទិកាដ៏មានសារសំខាន់ប្រមូលផ្តុំអ្នក ជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើចំនួនឡើងជារៀងរាល់ឆ្នាំរយៈពេល ១៣ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ និង ២០២១ ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មានសារ សំខាន់មួយនេះ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់ដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI សហការជាមួយក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុប ដោយមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រាលីផងនោះ សន្និសីទ «ចក្ខុវិស័យកម្ពុជា» ត្រូវបានរៀបចំឡើងវិញ។
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសក កម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យា ស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន