ក្រុមហ៊ុនឯកជន ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុង បណ្ដាលឱ្យដាច់ភ្លើងនៅតំបន់មួយចំនួននៅសង្កាត់-ខណ្ឌទាំងនេះ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៩ (GS59-F1) មូលហេតុបណ្ដាលមកពីក្រុមការងាររបស់ក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

(១)សង្កាត់គោរកា និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (២) តំបន់កោះដាច់ សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (៣)តំបន់កោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៤៨នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ


ប្រភព៖ អគ្គិសនីកម្ពុជា – EDC