ទឹកសឹ្ទងពោធិ៍សាត់ ហក់ឡើងខ្លាំងដល់កម្រិតប្រកាសអាសន្ន សូមប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្កឱ្យមានទឹកជំនន់
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤៖០០នាទីល្ងាច ទឹកសឹ្ទងពោធិ៍សាត់ បានហក់ឡើងយ៉ាងខ្លាំងដោយមានប្រភពទឹកភ្លៀងតំបន់ជួរភ្នំក្រវាញនៅផ្នែកខាងលើដែលមានកម្រិតកំពស់ដូចខាងក្រោម៖

–សឹ្ទងពោធិ៍សាត់៖ មានកំពស់ ៥.០៣ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៥.០ម៉ែត្រ
–សឹ្ទងក្រវាញ៖ មានកំពស់ ៣.៧០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ
–សឹ្ទងវាលវែង៖ មានកំពស់ ២.៣០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ។
ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្ខេតតាមដាន លើស្ថានភាពអាកាសធាតុ រួមមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕








ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology