ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីដាក់ចេញវិធានការបន្ទាន់ជាច្រើន ដើម្បីត្រៀមទប់ទល់ជាមួយទឹកជំនន់ក្នុងពេលដ៏ខ្លីខាងមុខ

    BY Khmernote Media October 6, 2022
    ម៉ាឡេស៊ីដាក់ចេញវិធានការបន្ទាន់ជាច្រើន ដើម្បីត្រៀមទប់ទល់ជាមួយទឹកជំនន់ក្នុងពេលដ៏ខ្លីខាងមុខ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា​ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការបន្ទាន់ច្រើននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ដើម្បីត្រៀមទប់ទល់ជាមួយនឹងទឹកជំនន់ ដែលអាចនឹងកើតមាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Tuan Ibrahim Tuan Man ជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ជាបន្ទាន់នេះគឺជាវិធានការមានរយៈពេលខ្លី មានការចំណាយតិច តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ ពោលគឺជំនន់ទឹកភ្លៀងដែលអាចកើតមានយ៉ាងឆាប់រហ័ស ខណៈបើយោងតាមការព្យាការណ៍គឺជំនន់ទឹកភ្លៀងនោះអាចនឹងកើតមាននៅតំបន់សំខាន់ៗមួយចំនួននៅដើមខែក្រោយឬអាចលឿនជាងនេះ ប្រសិនភ្លៀងមូសុងបន្តធ្លាក់ខ្លាំងលើសពីការរំពឹងទុក។

    លោក Tuan Ibrahim Tuan Man បានបន្តថា តាមរយៈវិធានការខាងលើនេះគឺគេនឹងត្រូវប្រើប្រាស់ថវិកាជាតិប្រមាណជា ១០,៥៣ លានរីងហ្គីត (២,២៧ លានដុល្លារ) សម្រាប់អនុវត្ត​ចំពោះគម្រោងជំនួយចំនួន ១០០គម្រោងផ្សេងគ្នា ហើយសម្ភារៈសំខាន់ដែលអាជ្ញាធរបានរៀបចំសម្រាប់ជួយប្រជាពលរដ្ឋនោះមានដូចជា ម៉ាស៊ីនបូមទឹកចំនួន ២៨៤គ្រឿង រថយន្តសង្គ្រោះចំនួន ២០៣គ្រឿង ទូកចំនួន ៣៥គ្រឿង ដំឡើងស៊ីរ៉ែនព្រមានអាសន្នចំនួន ៥២៦កន្លែង បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៧៧កន្លែង បំពាក់ឧបករណ៍វាស់ជម្រៅទឹកនៅតាមទី​តាំងមានហានិភ័យមួយខ្ពស់ចំនួនដើម្បីដឹងពីកម្រិតគ្រោះថ្នាក់ឲ្យបានទាន់ពេលវេលា បង្កើតស្ថានីយ៍ទូរគមនាគមន៍បណ្តោះអាសន្នជាច្រើនកន្លែងសម្រាប់ប្រើប្រាស់បន្ទាន់ និងគម្រោងសំខាន់មួយចំនួនទៀតរួមទាំងការជួយជម្លៀសពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

     

    Share This Post: