ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃផ្តើមចាក់វ៉ាក់សាំង Pfizer ចំពោះកូនក្មេងអាយុ ៦ខែដល់៤ឆ្នាំនៅសប្តាហ៍ក្រោយ

    BY Khmernote Media October 7, 2022
    ថៃផ្តើមចាក់វ៉ាក់សាំង Pfizer ចំពោះកូនក្មេងអាយុ ៦ខែដល់៤ឆ្នាំនៅសប្តាហ៍ក្រោយ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃនឹងផ្តើមយុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៦ខែរហូតដល់ ៤ឆ្នាំ នៅសប្តាហ៍ក្រោយនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំងដែលអាជ្ញាធរថៃនឹងយកមកប្រើប្រាស់នៅក្នុងយុទ្ធនាការខាងលើនេះគឺជាវ៉ាក់សាំងប្រភេទ Pfizer ដែលជាវ៉ាក់សាំងទើបត្រូវបានអនុម័តឲ្យមានការប្រើប្រាស់ចំពោះកូនក្មេងពីសំណាក់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃ។

    លោកវេជ្ជបណ្ឌិត Opas Karnkawinpong បានបន្តថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃនឹងចាក់វ៉ាក់សាំងកូវីដ-១៩ចំពោះកូនក្មេងគោលដៅចំនួន ៣លាននាក់ ខណៈនៅក្នុងដំណាក់កាលដំបូងនេះគឺគេនឹងចាក់ឲ្យបានត្រឹម ១លាននាក់សិន។ លេខាធិការអចិន្ត្រៃយ៍រូបនេះបានបញ្ជាក់ផងដែរថា គឺនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាម្សិលមិញនេះមានវ៉ាក់សាំង Pfizer ចំនួន ៣លានដូសត្រូវបានដឹកជញ្ជូនមកដល់ប្រទេសថៃ ហើយបើគ្មានអ្វីប្រែប្រួលទេគឺអាជ្ញាធរសុខាភិបាលថៃនឹងផ្តើមចាក់វ៉ាក់សាំងទាំងនេះជូនពលរដ្ឋជាកូនក្មេងចាប់ពីថ្ងៃពុធ ទី១២ ខែតុលានេះតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: