ប្តីស្រលាញ់កូនប្រុស តែប្រពន្ធបង្កើតកូនមកបានកូនស្រី ប្តីខឹងសម្លាប់ប្រពន្ធចោល ហើយស្រោចទឹកអាស៊ីតលើកូនស្រីថែមទៀត
ឥណ្ឌា៖ ក្មេងស្រីដែលជាជនរងគ្រោះដោយការចាក់ទឹកអាស៊ីតលើរាងកាយស្ទើរតែស្លាប់កាលជាង ២០ ឆ្នាំ មុននោះ ពេលនេះនាងបានក្លាយជាមនុស្សពេញវ័យហើយ និងថែមទាំងក្លាយជាសកម្មជនការពារសិទ្ធិជនរងគ្រោះដោយទឹកអាស៊ីតដ៏សកម្មម្នាក់ផងដែរ។ ក្មេងស្រីរូបនេះមានឈ្មោះថា Anmol Rodrigous បច្ចុប្បន្នមានអាយុ ២៣ ឆ្នាំ ជាប្រធានអង្គការ NGO Acid Survivor Sahas Foundation រស់នៅក្នុងរដ្ឋ Mumbai ភាគខាងលិចប្រទេសឥណ្ឌា។ សូមរម្លឹកឡើងវិញថា កាលពី ២៣ ឆ្នាំ ខណៈដែលនាងទើបនឹងកើតមកភ្លាមនោះ ឪពុករបស់នាងមិនសប្បាយចិត្តទាល់តែសោះ ព្រោះគាត់ចង់បានកូនប្រុស ហើយស្អប់កូនស្រីជាខ្លាំង។
កំហឹងនេះបានធ្វើឲ្យឪពុករបស់នាងសម្លាប់ម្តាយរបស់នាងចោល និងបានយកទឹកអាស៊ីតមកចាក់លើរាងកាយរបស់នាង ខណៈដែលនាងនៅជាទារកមិនទាន់ដឹងក្តីនៅឡើយ។ ទឹកអាស៊ីតបានធ្វើឲ្យភ្នែកម្ខាងរបស់នាងត្រូវពិការ និងមានស្នាមរបួសលើរាងកាយជាច្រើនកន្លែងរហូតដល់សព្វថ្ងៃនេះ។ ក្រោយពេលម្តាយស្លាប់ នាងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលកុមារកំព្រា ហើយចំណាយពេលរស់នៅ និងរៀនសូត្រនៅទីនោះ ដូចក្មេងកំព្រាដទៃទៀតដែរ។ នាងបានឲ្យដឹងថា ការធំឡើងដោយមានរូបរាងមិនល្អ និងមានស្នាមរបួសដោយទឹកអាស៊ីតពេញខ្លួន មិនមែនជារឿងងាយទេ ដោយជារឿយៗនាងត្រូវបានគេរើសអើង និងមិនសូវមានមិត្តភក្តិរាប់អាននោះទេ បើទោះបីជានាងបានរៀនដល់ថ្នាក់មហាវិទ្យាល័យហើយក៏ដោយ។
យ៉ាងណាក្តី នាងមិនដែលបោះបង់ការខិតខំប្រឹងប្រែងរបស់នាងចោលនោះទេ ដោយនាងព្យាយាមរៀនសូត្រទទួលជោគជ័យ និងអាចប្រែខ្លួនទៅជាប្រធានអង្គការការពារសិទ្ធជនរងគ្រោះដោយទឹកអាស៊ីតយ៉ាងសកម្មម្នាក់។ ពេលនេះអង្គការរបស់នាង ត្រូវជួយសង្គ្រោះជនរងគ្រោះជាង ២០ នាក់ ដោយទទួលបានជំនួយជាច្រើនពីសប្បុរសជន និងអង្គការជាដៃគូផ្សេងៗទៀត។ នាងបានក្លាយទៅជាគំរូដ៏ល្អម្នាក់សម្រាប់ជនរងគ្រោះផ្សេងទៀត ឲ្យមានការតស៊ូ និងព្យាយាមទោះពួកគេស្ថិតក្នុងស្ថានភាពណាក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror


