សន្ទុះនៃការតវ៉ាបានផ្ទុះឡើងនៅទីក្រុងប៉េកាំង សៀងហៃ និងទូទាំងប្រទេស ដោយសារច្បាប់ zero-COVID ដ៏តឹងរ៉ឹងរបស់ចិន
- BY
- autoadmin
- November 28, 2022
ប្រជាជននៅទីក្រុងប៉េកាំង សៀងហៃ និងផ្នែកផ្សេងទៀតនៃប្រទេសចិន បានចេញមកតាមផ្លូវដើម្បីតវ៉ាចំពោះវិធានការប្រឆាំងនឹងជំងឺ COVID-19 របស់រដ្ឋាភិបាល។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសចិនកាលពីយប់ថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងគោលនយោបាយ «zero-COVID» ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនារបស់ប្រជាជន។ បាតុករបានស្រែកថា «យើងចង់បានសេរីភាព» ហើយពួកគេក៏បានកាន់ក្រដាសសទទេ ដើម្បីបង្ហាញពីការប្រឆាំងនឹងការទប់ស្កាត់ការបញ្ចេញមតិដោយសេរី។ ការតវ៉ាក៏បានផ្ទុះឡើងនៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈប៉ូលិសក៏បានឃាត់ខ្លួនបាតុករមួយចំនួន។

ការប្រមូលផ្តុំស្រដៀងគ្នានេះបានផ្ទុះឡើងនៅក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូង និងទីក្រុង Wuhan ក្នុងខេត្ត Hubei ក៏ដូចជានៅតាមបរិវេណសាកលវិទ្យាល័យក្នុងទីក្រុងប៉េកាំង និងណានជីង។ ជម្រាបផងដែរថា អាជ្ញាធរចិនរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពនៃការបញ្ចេញមតិ នៅក្រោមការគ្រប់គ្រងដោយបក្សកុម្មុយនិស្ត ហើយវាពិតជាកម្រមានណាស់ សម្រាប់ការតវ៉ាប្រឆាំងនឹងគណបក្ស ឬរដ្ឋាភិបាលដែលធ្វើឡើងក្នុងពេលដំណាលគ្នានៅក្នុងទីក្រុងជាច្រើន។ មន្ត្រីរដ្ឋាភិបាលនិយាយថា គោលនយោបាយ zero-COVID មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ប៉ុន្តែឥឡូវគេជឿថា ក្រុមបាតុករកំពុងដាក់ការរិះគន់របស់ពួកគេចំពោះគោលនយោបាយនេះ ដោយមើលឃើញថា វាជារបៀបដែលគណបក្សគ្រប់គ្រងប្រទេសចិន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






