ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ! ក្រសួងកសិកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម មានតម្លៃសមរម្យដើម្បីដាក់លក់លើទីផ្សារកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងដើម្បីវាយតម្លៃ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៧ ខែធ្នូ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវ និងមានតម្លៃសមរម្យ ដើម្បីដាក់លក់លើទីផ្សារកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងដើម្បីវាយតម្លៃ។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។ ក្រសួងកសិកម្ម សង្ឃឹមថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួមគាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ៕
