មន្ត្រីជំនាញវប្បធម៌ ស្នើដល់ក្រសួងអប់រំដាក់បញ្ជូល ល្ខោនស្រមោលស្បែកធំចូលទៅក្នុងកម្មវិធីសិក្សា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជំនាញខាងវប្បធម៌និងវិចិត្រសិល្ប: ស្នើដល់ក្រសួងអប់រំដាក់បញ្ជូលល្ខោនស្រមោលស្បែកធំចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីលើកស្ទួយសម្បត្តិ វប្បធម៌របស់ខ្មែរ។

លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ បុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ល្ខោនស្បែកធំឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ។លោកបានបន្តថា រាជរដ្ឋាភិ បាលគួរជំរុញការបង្កើតនិងបញ្ចូលទៅកម្មវិធីសិក្សាក្នុងវិស័យអប់រំដល់សិស្សានុ សិស្ស ដើម្បីបង្ហាញឱ្យប្រជា ពលរដ្ឋខ្មែរបានស្គាល់ លើក ស្ទួយជីវភាពសិល្បករ ថែរក្សាវប្បធម៌ នឹងឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់អក្សរ សិល្ប៍រៀមកេរ្តិ៍ដ៏អស្ចារ្យដែល គេត្រូវយកមកសម្តែងមានតែមួយគត់។ លោកបានបញ្ជាក់ថា ល្ខោនស្បែកនេះ ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយ ចំនួននាសម័យក្រោយអង្គរ។ ដោយគេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាប ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចម្រើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។
សំឡេង៖«រដ្ឋមានតួនាទីលើកតម្លៃ ផ្សព្វផ្សាយអប់រំនិងអភិរក្ស ជួយបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមថែរក្សា ជាការសំខាន់ ប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគមទាំងឡាយ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋគ្រប់រូប ចូលរួមជួយផ្សព្វផ្សាយ ថែរក្សាការពារអភិរក្ស ជាពិសេសយុវជន ដែលត្រូវបន្តវេន ត្រូវតែចូលរួម ទើបសម្បត្តិវប្បធម៌មួយនេះ តទៅមុខទៀត។ ជាពិសេសក្នុងក្រសួងអប់រំប្រសិនបើជាអាចសូមមេត្តាចូលរួមជួយធ្វើយ៉ាងណាឱ្យមានការ ស្វែង យល់អំពីល្ខោនស្បែក ក្នុងការសិក្សារបស់កុមារ នៅក្នុងកម្រិតថ្នាក់ ណាមួយនៃចំណេះដឹងទូទៅ កូនសិស្សក្នុងវិស័យអប់រំ នេះជាការល្អបំផុតបណ្តុះតាំងពីក្មេងៗមកម្ល៉េះ»។
សូមបញ្ជាក់ថា ការកកើតឡើងនូវសិល្បៈល្ខោនស្រមោលស្បែកនេះ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុត នាដើមសតវត្សទី១ នៃគ្រិស្តសករាជ ។ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ៕


ប្រភព៖ ក្រសួងព័ត៌មាន