ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២២» នៅខេត្តសៀមរាប នាសប្តាហ៍ក្រោយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំ ព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២២» នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ នៅខេត្តសៀមរាប ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញផ្សាយនាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹត្តិការណ៍វប្បធម៌នេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណខាងកើត ប្រាសាទអង្គរវត្ត ចាប់ពីម៉ោង ១៧:០០ តទៅ ក្នុងគោលបំណងចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។
មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យនេះ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។ ទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដែលមានដូចជា ល្ខោនស្បែកធំ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ ។ល។ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជិត ៣០០នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ជនរួមជាតិឱ្យចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ជាតិ ដោយបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
រហូតមកទល់ពេលនេះ កម្ពុជាបានចុះបញ្ជី រមណីយដ្ឋានអង្គរ របាំព្រះរាជ្យទ្រព្យ ល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្តែត និងគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕












ប្រភព៖ ក្រសួងព័ត៌មាន