ឯកឧត្តម វ៉ាត់ ចំរើន ឆ្លើយតបនឹងការភាន់ច្រឡំ ចំពោះការប្រកួតកីឡាអបអរបុណ្យសមុទ្រ ដើម្បីដណ្តើមប្រាក់រង្វាន់
យោងតាមការចុះផ្សាយរបស់ cambodia2023 បានឲ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ។ ដោយការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ ដោយជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍ថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត»។ ឯកឧត្តមបានបញ្ជាក់ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង ដែលជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលភាគទាន។ នេះបើតាមប្រសាសន៍បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ក្នុងឱកាសបុណ្យសមុទ្រនេះ សូម្បីការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលធ្វើឡើង៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែធ្នូ នៅតំបន់ឆ្នេរអូរត្រេះ សម្រាប់កីឡាករ-កីឡាការិនីជ័យលាភី ក៏មិនទទួលបានប្រាក់រង្វាន់អ្វីដែរ។ ក្រៅពីមេដាយសម្រាប់កំណត់ជ័យលាភីរបស់ពួកគេប៉ុណ្ណោះ៕

ប្រភព និងរូបភាព៖ cambodia2023